Advertisemen
ខេត្តរតនគិរី ៖ សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានចុះធ្វើរដ្ឋបាលចំហមួយ នៅទីតាំងផ្ទះសំណាក់ យីហោ វ៉ារីដា មួយកន្លែង ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ។
យោងតាមបណ្តឹងរបស់លោក ស ស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ និងអ្នកស្រី ច ថ អាយុ៣៨ឆ្នាំ ដែលត្រូវជាអាណាព្យាបាល ក្រុងបានលុង បានប្រាប់ថា មានករណីចាប់បង្ខាំងកូនស្រីរបស់គាត់ ឈ្មោះ ស សឡ អាយុ២៣ឆ្នាំ នៅក្នុងទីតាំងបន្ទប់ផ្ទះសំណាក់ខាងលើ ។
បន្ទាប់ពីសមត្ថកិច្ចធ្វើរដ្ឋបាល ត្រួតពិនិត្យក្នុងបន្ទប់លេខ១២០ ក្នុងផ្ទះសំណាក់នោះ ពុំឃើញក្មេងស្រីនោះទេ ។ ឃើញមានតែក្មេងប្រុសម្នាក់ឈ្មោះ កេន សុខណាត អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ដែលកំពុងស្នាក់នៅក្នុងបន្ទប់នោះ សមត្ថកិច្ចបានសួរនាំក្មេងប្រុសនោះ ទៅទើបដឹងថា ក្មេងស្រីឈ្មោះ ស សឡ នោះត្រូវបានឈ្មោះ ម៉ាន ដឹកចេញពីបន្ទប់តាំងពីម៉ោង២រំលងអធ្រាត្រម្ល៉េះ ។
សមត្ថកិច្ចបានឲ្យក្មេងប្រុសនោះទំនាក់ទំនងតាមរកឈ្មោះ ម៉ាន ជួបនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ។ ហើយឈ្មោះ ម៉ាន ក៏ជូនទៅរកក្មេងស្រីឈ្មោះ ស សឡ នោះ ដែលខ្លួនបានយកផ្ញើទុកនៅផ្ទះមួយកន្លែងខាងក្រោយមន្ទីរបរិស្ថាន្តខេត្ត ជាមួយឈ្មោះ ឈុន ពៅ ។ រួចសមត្ថកិច្ចក៏បាននាំខ្លួនអ្នកទាំងអស់គ្នានោះមកការិយាល័យ ដើម្បីសាកសួរ និងធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀន មានជាលទ្ធផលវេជ្ជមានទាំងអស់ ។ សមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត ៕
Advertisemen